សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា បានថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ចំពោះការរិះគន់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងមូស្គូ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំគីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បាននិយាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនបាននិយាយថា ប្រសិនបើរុស្ស៊ីជួយកូរ៉េខាងជើងបង្កើនកម្មវិធីសព្វាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមនៅអ៊ុយក្រែន នោះវានឹងជា "ការបង្កហេតុដោយផ្ទាល់" ។
តែបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA កូរ៉េខាងជើងបានបរិហារលោក Yoon ចំពោះការបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការមិត្តភាពរបស់ខ្លួនជាមួយរុស្ស៊ី ហើយបាននិយាយថា លោក Yoon កំពុងធ្វើជា«ខ្ញុំបំរើសហរដ្ឋអាមេរិក»។
មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថា រុស្ស៊ីអាចកំពុងព្យាយាមទិញគ្រាប់រំសេវពីកូរ៉េខាងជើង សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលទីក្រុងព្យុងយ៉ាងស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕