ផ្អើលកណ្តាលក្រុងបាងកក ផ្ទះអគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃម្នាក់ ត្រូវបានឆែកឆេរក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ ពាក់ព័ន្ធបណ្តាញល្បែងស៉ីសងតាមអនឡាញ
(បាងកក)៖ កងកម្លាំងប៉ូលិសពិសេសរបស់ថៃ បានចុះឆែកឆេរផ្ទះរបស់អគ្គស្នងការរងនគរបាលជាតិថៃ លោកនាយឧត្តមសេនីយ៍ ស៊ូរ៉ាឆេត ហាក់ផាន (Surachate Hakparn) ដោយសកម្មភាពនោះ គឺជាផ្នែកនៃការបើកប្រតិបត្តិការឆែកឆេរទ្រង់ទ្រាយធំ ដែលមានគោលដៅលើបណ្តាញល្បែងស៉ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានធំៗរបស់ថៃ ដូចជា បាងកកប៉ុស្តិ៍,ថៃរាត,នឹងសារព័ត៌មានជាច្រើនទៀត ចេញផ្សាយ នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ប្រតិបត្តិការឆែកឆេរទ្រង់ទ្រាយធំនេះ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយផ្ទះនៅកណ្តាលរាជធានីបាងកករបស់ អគ្គស្នងការរងនគរបាលជាតិនេះ ស្ថិតក្នុងចំណោមទីតាំងសរុបប្រមាណ៣០កន្លែង ក្នុងខេត្ត-ក្រុងចំនួន៦ ដែលត្រូវបានចុះឆែកឆែរដោយ កងកម្លាំងប៉ូលិសប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការទ្រង់ទ្រាយធំនោះ ត្រូវបានធ្វើឡើងពាក់ព័ន្ធការស៉ើបអង្កេតទៅលើ វែបសាយល្បែងស៉ីសងមួយហៅថា «Betflix» ហើយនិងវែបសាយពាក់ព័ន្ធចំនួន១២ទៀត។
នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆេត ហាក់ផាន លោក ស៊ូរ៉ាឆេត បាននិយាយថា ប្រតិបត្តិការឆែកឆេរបានបញ្ចប់ទៅ ដោយពុំមានរកឃើញវត្ថុឬរឿងខុសច្បាប់អ្វីឡើយ ហើយលោកបានអះអាងថា រូបលោកមិនមានទំនាក់ទំនង ជាមួយបណ្តាញល្បែងស៉ីសងអនឡាញណាមួយនោះទេ។
គួរបញ្ជាក់ថា ការបើកប្រតិបត្តិការខាងលើ គឺកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលមានការជ្រើសរើសអគ្គស្នងការនគរបាលជាតិថ្មីរបស់ថៃ ខណៈលោក ស៊ូរ៉ាឆេត ត្រូវគេសង្ស័យអាចជាបេក្ខជនដែលត្រូវឡើងកាន់តំណែងបន្ត៕