(អ៊ុយក្រែន)៖ មនុស្សយ៉ាងតិច ២២នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសកាលពីថ្ងៃពុធទី២៤ខែសីហា នៅពេលគ្រាប់រ៉ុកកែតរបស់រុស្ស៊ី វាយប្រហារទីប្រជុំជនអ៊ុយក្រែន និងបានបំផ្លាញរថភ្លើងដឹកអ្នកដំណើរ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

 ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារនេះបានកើតឡើង ខណៈប្រទេសរបស់ខ្លួនកំពុងប្រារព្ធខួប ៣១ ឆ្នាំ ចាប់តាំងពីការទទួលបានឯករាជ្យ ពីការគ្រប់គ្រងរបស់សូវៀត។ ដោយឡែកលោកប្រធានាធិបតី Zelensky និយាយថា គ្រាប់រ៉ុកកែតបានវាយប្រហាររថភ្លើងនៅក្នុងទីប្រជុំជន Chaplyne មានចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Donetsk ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក Zelensky  និយាយថា រុស្ស៊ីត្រូវទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាង ដែលខ្លួនធ្វើ។

ក្រុមមន្ត្រីនិយាយបន្ថែមថា ក្មេងប្រុសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកដំបូង នៅពេលផ្ទះរបស់គាត់ត្រូវគ្រាប់រ៉ុកកែត ហើយមនុស្ស២១នាក់ បានស្លាប់នាពេលក្រោយ នៅពេលគ្រាប់រ៉ុកកែត វាយប្រហារស្ថានីយរថភ្លើង និងបានដុតបំផ្លាញទូរថភ្លើងចំនួន៥។

 គួរបញ្ជាក់ថាជុំវិញការវាយប្រហារទីប្រជុំជនអ៊ុយក្រែន និងបានបំផ្លាញរថភ្លើងដឹកអ្នកដំណើរ ធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់នេះ ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ