សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់កងកម្លាំងនគរបាលជាតិ មិនត្រូវប្រើឯកសណ្ឋានការងារ ឬយានយន្តរបស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតឡើយ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ មិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «ដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ»។
ពីវេទិកាសំណេះសំណាលនោះដែរ សម្ដចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស គ.២៧ បន្តខិតខំថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ សម្រាប់បង្កបរិយាកាសដល់យុទ្ធនាការ ឃោសនាបោះឆ្នោត ការបោះឆ្នោត ការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី និងការបន្ត និរន្តរភាពនៃការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ពិសេសត្រូវរួមគ្នាធានាឱ្យការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង មុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ។
សម្ដេចក្រឡាហោម ស ខេង ក៏បានណែឱ្យចូលរួមបំផុស អប់រំ លើកទឹកចិត្តប្រជាពលរដ្ឋអំពីតម្ល និងសារសំខាន់នៃការបោះឆ្នោត ដើម្បីប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងធ្វើការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គ.ជ.ប ចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពនានា និងឧបាយកលដែល ប៉ុនប៉ងរំលោភបំពានបំផ្លាញដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ព្រមទាំង សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវលើកកម្ពស់ការគោរពអនុវត្តឱ្យបានត្រឹមត្រូវ នូវច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ