លោកស្រី Liz Truss បេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសត្រៀមបាញ់នុយក្លេអ៊ែរ បើបានកាន់តំណែង
(អង់គ្លេស)៖ មិនទាំងបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីផង លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស ហើយត្រូវបានគេដឹងថា ជាគូប្រជែងសម្រាប់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស និងសម្រាប់តំណែងជាមេដឹកនាំគណបក្សអភិរក្ស បាននិយាយ ថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបាញ់នុយក្លេអ៊ែរ ប្រសិនបើចាំបាច់។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
ខណៈមានសំនួរសួរទៅកាន់លោកស្រីថា «តើលោកស្រីគិតយ៉ាងណាចំពោះការចុច ប៊ូតុងនុយក្លេអ៊ែរ» លោកស្រី Liz Truss បានប្រាប់កិច្ចប្រជុំសមាជិកបក្សអភិរក្សក្នុងទីក្រុង Birmingham ថា “ខ្ញុំគិតថា វាជាកាតព្វកិច្ចដ៏សំខាន់របស់នាយករដ្ឋមន្ត្រី ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដូច្នេះ”។
គួរបញ្ជាក់ថា លោកស្រី Truss និងអតីតអធិការបតីចក្រភពអង់គ្លេស Rishi Sunak គឺជាបេក្ខជន២រូបចុងក្រោយ ក្នុងការបោះឆ្នោតដណ្តើមតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក Boris Johnson ប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ៧ ខែកក្កដា។ការបោះឆ្នោតជុំចុងក្រោយ កំពុងប្រព្រឹត្តទៅរហូតដល់ដើមខែកញ្ញា។ ក្នុងអំឡុងពេលជុំចុងក្រោយនេះ សមាជិកទាំងអស់នៃគណបក្ស (ប្រហែល២០០ ០០០នាក់) នឹងត្រូវជ្រើសរើសបេក្ខជនម្នាក់ឲ្យកាន់តំណែង៕