កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មថ្មី លើមន្ត្រីយោធាកំពូលរបស់កូរ៉េខាងជើង រួមទាំងរដ្ឋមន្ត្រីការពារជាតិ សរុប១០នាក់
(បរទេស)៖ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មថ្មីលើបុគ្គលចំនួន ១០នាក់ និងអង្គភាពចំនួនពីរសម្រាប់ការជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងពាណិជ្ជកម្មអាវុធរបស់កូរ៉េខាងជើងជាមួយប្រទេសចំនួន ៣ រួមទាំងប្រទេសរុស្ស៊ីផងដែរ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានAFP នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បី "ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងសហគមន៍អន្តរជាតិ"។
មន្ត្រីយោធាកំពូលរបស់កូរ៉េខាងជើង រួមទាំងរដ្ឋមន្ត្រីការពារជាតិ Kang Sun Nam ស្ថិតក្នុងចំណោមអ្នកដែលប្រឈមមុខនឹងទណ្ឌកម្មថ្មីដែរ។លោក Kang ត្រូវបានគេឃើញអមដំណើរមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ដែលបានធ្វើដំណើរកាលពីសប្តាហ៍មុនទៅកាន់តំបន់ឆ្ងាយបូព៌ារបស់ប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយបង្កើនការព្រួយបារម្ភថ្មីអំពីកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ៕pp