ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាស «រមណីយដ្ឋានប្រាសាទកោះកេរ» របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅថ្ងៃទី១៧ កញ្ញា កន្លងទៅ។

គួរបញ្ជាក់ថា ពិធីនេះ ត្រូវបានរៀបចំឡើងដោយប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចយកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីអបអរសាទរចំពោះមហាសមិទ្ធផល និងកិត្យានុភាពដ៏ត្រចេះត្រចង់ថ្មីមួយទៀតរបស់កម្ពុជា ។ រមណីយដ្ឋានប្រាសាទកោះកេរ គឺជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ ត្រូវបានស្ថាបនាឡើងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ