ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃចូលរួមសន្និសីទ ស្ដីពីវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅប្រទេសចិន
នាថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមសន្និសីទ ស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រេីនរូបទៀតផងដែរ។
ក្នុងពិធីបើកសន្និសីទដ៏មានសារៈសំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលនេះ ដោយសម្ដេចបានមានប្រសាសន៍ថា វេទិកានេះបានបង្កលក្ខណៈ និងលទ្ធភាពដល់អង្គភាពពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំ និងផ្នែកអនុវត្តច្បាប់ នៃបណ្ដាប្រទេសជាច្រើនបានជួបជុំ និងផ្លាស់ប្ដូរមតិយោបល់ ព្រមទាំងបទពិសោធន៍សំខាន់ៗក្នុងកិច្ចការថែរក្សាសន្តិសុខក្នុងប្រទេស និងសកល។
នៅក្នុងសន្និសីទនេះដែរ នឹងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការព្យាករណ៍ពីស្ថានភាពសន្តិសុខសកលលោក កិច្ចសហប្រតិបត្តិការពហុភាគីលើវិស័យសន្តិសុខសាធារណៈ ការលើកកម្ពស់ការកសាងសមត្ថភាពអភិបាលកិច្ច និងសមិទ្ធិផលអភិវឌ្ឍន៍រួមគ្នាដែលធានាដោយវិស័យសន្តិសុខ ដោយមានការចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ និងបណ្ដាអ្នកជំនាញ ពីអង្គភាពសាធារណៈ និងឯកជនជាច្រើនរូប។ ក្នុងនោះផងដែរ នារសៀលថ្ងៃនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងថ្លែងសុន្ទរករថាលើកឡើងការវិវត្តន៍ នៃស្ថានភាពសន្តិសុខក្នុងតំបន់ និងសកល និងជាពិសេសកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាក្នុងការគ្រប់គ្រងកិច្ចការងារសន្តិសុខនេះ។
គួរបញ្ជាក់ជូនថា សន្និសីទស្ដីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពិភពលោកមួយ សន្តិសុខរួម»នេះឆ្លុះបញ្ចាំងអំពីតថភាពបច្ចុប្បន្ន នៃចក្ខុវិស័យវែងឆ្ងាយ ស្តីពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការទូលំទូលាយប្រកបដោយចីរភាព ដែលផ្តោតសំខាន់លើទស្សនៈថែរក្សាសន្តិសុខសកល ហើយជាពិសេសអនុញ្ញាតឲ្យថ្នាក់ដឹកនាំ អ្នកជំនាញ អង្គភាពពាក់ព័ន្ធ ពីបណ្ដាប្រទេសជាច្រើនបានជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរ និងចែករំលែកពិសោធន៍ក្នុងការងារពង្រឹង ថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងប្រទេសខ្លួន និងក្នុងសកលផងដែរ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ