(បរទេស)៖ ទីក្រុងស៊ីដនី កាលពីថ្ងៃអង្គារបានប្រឈមមុខនឹងការហាមឃាត់ប្រជាជនមិនអោយប្រេីភ្លើងគ្រប់ប្រភេទជាលើកដំបូង ក្នុងរយៈ ពេលជិតបីឆ្នាំ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២០ ដោយសីតុណ្ហភាពអតិបរិមាពេលថ្ងៃត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៤អង្សាសេ។
សេវាពន្លត់អគ្គីភ័យជនបទនៃរដ្ឋ ញ៉ូយ៍ សៅ វ៉េល (New South Wales) បានប្រកាសនៅព្រឹកថ្ងៃអង្គារថា ការហាមឃាត់ការប្រេីភ្លើងត្រូវបានដាក់សម្រាប់តំបន់ ហ្គ្រេតធឺ សុីដនី (Greater Sydney) និងតំបន់ ហ្វា សៅ ខូស (Far South Coast) ខណៈអត្រាគ្រោះថ្នាក់ដោយសារភ្លើងឡេីងខ្ពស់ ក៏ត្រូវបានព្យាករណ៍ផងដែរ សម្រាប់តំបន់ផ្សេងទៀតក្នុងអំឡុងពេលថ្ងៃ។ សីតុណ្ហភាពខ្ពស់ និងខ្យល់បក់ខ្លាំង គឺជាលក្ខខណ្ឌដ៏ល្អឥតខ្ចោះសម្រាប់ភ្លើងឆេះព្រៃ។
អ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ជាង ៥០០ នាក់កំពុងព្យាយាមពន្លត់ភ្លើងចំនួន ៦១ នៅទូទាំងរដ្ឋ ញ៉ូយ៍ សៅ វ៉េល (New South Wales) គិតត្រឹមព្រឹកថ្ងៃអង្គារ ដោយអគ្គិភ័យចំនួន១៣ មិនទាន់រលត់នៅឡើយ នេះបើយោងតាមរបាយ ការណ៍របស់ រ៉យទ័រ។ នៅតំបន់ ហ្វា សៅ ខូស (Far South Coast) នាយកដ្ឋានអប់រំ NSW បានសម្រេចចិត្តបិទសាលារដ្ឋចំនួន ២០ ជាបណ្ដោះអាសន្នកាលពីថ្ងៃអង្គារ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយអាជ្ញាធរអគ្គីភ័យ។
ទីក្រុងស៊ីដនីត្រូវបានកំណត់ឱ្យកត់ត្រាសីតុណ្ហភាពអតិបរមាចំនួនប្រាំថ្ងៃជាប់ៗគ្នាលើសពី៣០អង្សាសេ នៅក្នុងខែកញ្ញា ជាកំណត់ត្រាថ្មីមួយនេះបើយោងតាមការិយាល័យឧតុនិយម។ សីតុណ្ហភាពឡើងដល់ ៣៤ អង្សាសេក្នុងទីក្រុងស៊ីដនី នៅថ្ងៃអង្គារ ឡេីងជិតដល់កំណត់ត្រាខែកញ្ញា ៣៤.៦ អង្សាសេក្នុងឆ្នាំ ១៩៦៥។ ប៉ុន្តែចាប់ពីថ្ងៃព្រហស្បតិ៍ នឹងនាំមកនូវភាពធូរស្រាលខ្លះដល់កំដៅ ដោយជំរុញឱ្យសីតុណ្ហភាពធ្លាក់ចុះដល់ កម្រិតទាប៕