ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល នឹងអាចប្រមូលផ្តុំនូវវិធានការសរុប ដើម្បីឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានាដែលជាក្តីបារម្ភរួម ពាក់ព័ន្ធវិស័យសន្តិសុខ ។

ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា  បើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខ សាធារណសកល ក្រោមប្រធានបទ ‌‍"ពិភពលោកមួយសន្តិសុខរួម" នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣  នៅរាជធានីភ្នំពេញ ។

សម្តេចធិបតីមានប្រសាសន៍ថា វេទិកានេះ បានបង្កលក្ខណៈ និងលទ្ធភាពដល់គ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំ និងអង្គអនុវត្តច្បាប់នៃបណ្តាប្រទេសជាច្រើនបានជួបជុំ និងផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍សំខាន់ៗ ដើម្បីបម្រើដល់កិច្ចការថែរក្សាសន្តិសុខ ក្នុងប្រទេសរបស់ខ្លួន និងសន្តិសុខសកល ។

ក្នុងនោះ សម្តេចធិបតី បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមដល់ការរៀបចំលិខិត តូបករណ៍ យុទ្ធករណ៍ គោលនយោបាយពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការផ្សារភ្ជាប់ជិតស្និតរវាងកងកម្លាំង អនុវត្តច្បាប់ពីគ្រប់ភាពពាក់ព័ន្ធទាំងអស់ ។

សម្តេចធិបតី សង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ យើងនឹងអាចប្រមូលផ្តុំនូវវិធានការសរុបឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានាដែលជាក្តីបារម្ភរួម ពាក់ព័ន្ធវិស័យសន្តិសុខ ក្នុងបុព្វហេតុរួម នៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់ ។ ខ្ញុំជឿជាក់ថា កិច្ចពិភាក្សាលម្អិត គ្រប់ជ្រុងជ្រោយ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងអង្គសន្និសីទទាំងមូលលើបញ្ហាសំខាន់ៗទាំងនេះ នឹងអាចរកឃើញនូវវិធានគន្លឹះចាំបាច់មួយចំនួនបន្ថែមទៀត ដែលបម្រើដល់ឧត្តមប្រយោជន៍ នៃកិច្ចការថែក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា និងសន្តិសុខសកលជាក់ជាមិនខាន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ