សារព័ត៌មានវៀតណាម Zing ៖ គណៈកម្មការស៊ីហ្គេមរបស់វៀតណាមអាចសន្សំបានជាង៤០ម៉ឺនដុល្លារអាមេរិក ពីការមិនយកថ្លៃហូបចុក ស្នាក់នៅពីម្ចាស់ផ្ទះកម្ពុជា
(បរទេស)៖ បើយោងតាមការចុះផ្សាយដោយ សារព័ត៌មានវៀតណាម Zing នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣ បានចុះផ្សាយថា ការមិនយកថ្លៃហូបចុក ស្នាក់នៅពីម្ចាស់ផ្ទះកម្ពុជា ធ្វើឱ្យគណៈកម្មការស៊ីហ្គេមរបស់វៀតណាមអាចសន្សំបានជាង៤០ម៉ឺនដុល្លារអាមេរិក។
សារព័ត៌មានវៀតណាម Zing បានបន្ថែមថា វៀតណាមបានចុះបញ្ជីអត្តពលិក និងប្រតិភូកីឡាចំនួន១០០៣នាក់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នៅកម្ពុជា។
គួរបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា «មិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃហូបចុក-ស្នាក់នៅ នោះឡើយ។
តែយ៉ាងណា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃ ២០មេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា «ចំពោះអ្នកទេសចរណ៍ ឬអ្នកមកគាំទ្រ ក្នុងជម្រើសជាតិរបស់ខ្លួន គឺត្រូវរាប់រងដោយខ្លួនឯង»៕