(បរទេស)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្ទែបហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយថា អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភជាផ្លូវការ ចំពោះសហរដ្ឋអាមេរិក លើរបាយការណ៍ស្តីពីចារកម្មរបស់សហរដ្ឋអាមេរិក ចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អានតូនីញូ ហ្គត់ថឺរេស (Antonio Guterres) និងមន្ត្រីជាន់ខ្ពស់ដទៃទៀតរបស់អង្គការសហប្រជាជាតិ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
លោក ឌូចារីក បាននិយាយថា យើងបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពបែបនេះមិនសមស្របនឹងកាតព្វកិច្ចរបស់សហរដ្ឋអាមេរិក ដូចដែលបានរៀបរាប់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាស្តីពីសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិឡើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិក បានរងនៅការសង្ស័យជាច្រើន ពីប្រទេសសម្ព័ន្ធមិត្ត បន្ទាប់ពីមានការបែកធ្លាយនៅឯកសារសម្ងាត់ជាច្រើន រួមទាំងរបាយការណ៍ចារកម្ម លើប្រមុខអង្គការសហប្រជាជាតិផងដែរ៕