(ថៃ)៖លោក ប្រាយុធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានព្រមានដល់ប្រជាជនថៃអំពីថ្នាំញៀនប្រភេទថ្មីណាកូទីន ដែលត្រូវបានដាក់លក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលលោកបានជំរុញឱ្យមន្ត្រីតាមដានស្ថានការណ៍នេះឱ្យបានយ៉ាងដិតដល់។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣។ 

ការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន (ONCB) បានរាយការណ៍ថា ថ្នាំញៀនប្រភេទម្សៅនេះត្រូវបានគេដាក់លក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ សារធាតុនេះជាធម្មតាត្រូវបានលាក់ទុកនៅក្នុងកញ្ចប់នៃផលិតផលផ្សេងៗ ដូចជាភេសជ្ជៈអេឡិចត្រូលីត ភេសជ្ជៈកូឡាជែន ឬកាហ្វេកញ្ចប់។

យោងតាមការិយាល័យ ONCB បានឱ្យដឹងថា គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលលក់ថ្នាំនេះបានទទួលការបញ្ជាទិញតាមរយៈកម្មវិធីទូរស័ព្ទ WhatsApp។ បើទោះបីជាមិនបានបញ្ជាក់លម្អិតណាមួយអំពីប្រទេសថៃដែលជាគោលដៅដឹកជញ្ជូនក៏ដោយ ក៏ការិយាល័យ ONCB បានរកឃើញថា អ្នកប្រើប្រាស់កម្មវិធី TikTok មកពីប្រទេសថៃបានទាក់ទងអ្នកលក់ដើម្បីធ្វើការបញ្ជាទិញ។

នាយករដ្ឋមន្ត្រីរូបនេះបានណែនាំដល់ការិយាល័យ ONCB និងប៉ូលិសថៃ ឱ្យធ្វើការតាមដានឱ្យបានយ៉ាងដិតដល់នូវចរាចរណ៍នៃថ្នាំញៀនប្រភេទនេះ ហើយបានស្នើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសថៃកុំបញ្ជាទិញ ឬចែករំលែកការបង្ហោះណាមួយអំពីថ្នាំញៀនប្រភេទនេះ។

យោងតាមច្បាប់របស់ប្រទេសថៃ ជនណាដែលរកឃើញថាមានការបង្ហោះខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មនៃការប្រើប្រាស់គ្រឿងញៀន នឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ២០០.០០០បាត ឬផ្តន្ទាទាំងពីរ។ ជនជាតិថៃដែលត្រូវបានគេរកឃើញថាមានការពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ទោះជាស្ថិតនៅក្រៅប្រទេសថៃក៏ដោយ ក៏នឹងត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរដែរ។

គួរបញ្ជាក់ថា ថ្នាំញៀនប្រភេទនេះអាចបណ្តាលឱ្យខូចខាតដល់ប្រព័ន្ធប្រសាទ ហើយការប្រើប្រាស់ម្តងហើយម្តងទៀតជារឿយៗនឹងនាំឱ្យមានជំងឺធ្លាក់ទឹកចិត្ត ជំងឺផ្លូវចិត្ត និងការកើនឡើងហានិភ័យនៃការធ្វើអត្តឃាត។ ប្រសិនបើថ្នាំញៀនប្រភេទនេះត្រូវបានគេយកទៅលាយជាមួយនឹងគ្រឿងស្រវឹង ឬថ្នាំផ្សេងទៀត ឥទ្ធិពលរបស់វាអាចនឹងបណ្តាលឱ្យស្លាប់បាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ