ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្ដីការក្រសួងមហាផ្ទៃ ។

នាឱកាសនោះ លោក ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា «តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យត្រៀមសម្រាប់រៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ»។

លោក ម៉ៅ ច័ន្ទតារា បន្ដថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាពេលកន្លងទៅ សម្ដេចក្រឡាហោម បានយកចិត្តទុកដាក់ចំពោះការងារសាងសង់ និងរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ដោយធ្វើយ៉ាងណារៀបចំពិធីនេះឡើង ដោយអធិកអធម ដើម្បីឱ្យសាកសមទៅនឹងអគារថ្មីនេះ។

លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ បានឱ្យដឹងថា ចំពោះសមាភាពចូលរួមក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ នឹងមានការអញ្ជើញពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ដ្រីតាមបណ្ដាក្រសួង-ស្ថាប័នទាំងអស់, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, និងអង្គទូតនានា ប្រចាំប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា រហូតដល់មកពេលនេះ ការងារសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បានសាងសង់រួចរាល់ចប់សព្វគ្រប់។ ចំពោះការងាររៀបចំពិធីសម្ពោធអគារទីស្ដីការនេះ នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា តាមគម្រោង នឹងរៀបចែកសៀវភៅសរសេររៀបរាប់អំពីដំណើរការសាងសង់អគារនេះ ជូនដល់គណៈអធិបតី និងភ្ញៀវទាំងអស់ ដែលបានអញ្ជើញចូលរួម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ