ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា ប្រជាពលរដ្ឋអាចរាយការណ៍ ទៅក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈហ្វេសប៊ុក ប្រសិនបើមាន បញ្ហាមិនប្រក្រតី នៅក្នុងយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាឲ្យការងារទាំងនេះ មានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

លោក កើត រិទ្ធ បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីគោលបំណង និង វិធានការមួយចំនួន នៃយុទ្ធនាការដោះ ស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

លោកបន្ថែមថា ក្រសួងយុត្តិធម៌ មានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យយុទ្ធនាការ ដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ព្រឹត្តិទៅរលូន ដោយមានការគាំទ្រ ពីប្រជាពលរដ្ឋផងដែរ។

សូមរំលឹកថា ផ្នែកតាមទិន្នន័យរបស់ក្រសួងយុត្តិធម៌ ដែលទទួលបាន គិតត្រឹមថ្ងៃ១៤ ខែមេសា ឆ្នាំ២០២០ សាលាដំបូង រាជធានី-ខេត្ត មានសំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការ សរុបចំនួន៣៩១៥២សំណុំរឿង (គ្រឿងញៀនមានចំនួន ៦២៦០សំណុំរឿង ) និងមានអ្នកជាប់ឃុំ សរុប ចំនួន១២៦៥១នាក់ អ្នកឃុំក្នុងសំណុំរឿង គ្រឿងញៀន៦៩០០នាក់៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ