រុស្ស៊ី អួតថា សព្វាវុធចុងក្រោយរបស់ខ្លួន អស្ចារ្យជាងជាគូប្រជែងឆ្ងាយណាស់ ហើយត្រៀមផ្តល់អាវុធទំនើបបំផុតជូនសម្ព័ន្ធមិត្ត
(រុស្ស៊ី)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ដោយអះអាងថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូននូវសព្វាវុធទំនើបបំផុតរបស់ខ្លួន ទៅឲ្យពួកគេ ខណៈអាវុធចុងក្រោយបំផុតរបស់ខ្លួន គឺអស្ចារ្យជាងប្រទេសជាគូប្រជែង ឆ្ងាយណាស់។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
លោកពូទីន បញ្ជាក់ថា “យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនូវប្រភេទសព្វាវុធទំនើបបំផុត ចាប់ពីអាវុធ រថពាសដែក និងកាំភ្លើងធំ រហូតដល់យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក”។
ថ្លែងក្នុងពិធីបើកពិព័រណ៍អាវុធប្រចាំឆ្នាំនៅខាងក្រៅទីក្រុងមូស្គូ លោកពូទីន បាននិយាយថា ការនាំចេញអាវុធរបស់រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំង ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក មិនឲ្យត្រួតត្រាពិភពលោក។ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន បានសាទរចំពោះសកម្មភាពរបស់យោធារុស្ស៊ី នៅអ៊ុយក្រែន ហើយបានថ្លែងអំណរគុណចំពោះសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ សម្រាប់ការគាំទ្រ។លោក ពូទីន បន្តថា មេដឹកនាំនៃសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ បានជ្រើសរើសផ្លូវអភិវឌ្ឍន៍ឯករាជ្យ អធិបតេយ្យភាព និងចង់រួមគ្នាដោះស្រាយបញ្ហាសន្តិសុខពិភពលោក និងតំបន់ដោយផ្អែកលើច្បាប់អន្តរជាតិ ទំនួលខុសត្រូវរួម និងផលប្រយោជន៍ទៅវិញទៅមក៕