BREAKING កូនប្រុសលោក ចូ បៃដិន ត្រូវតុលាការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ប្រឈមជាប់ពន្ធនាគារ ២៥ឆ្នាំ
(អាមេរិក)៖ តុលាការសហព័ន្ធសហរដ្ឋអាមេរិក បានដាក់ការចោទប្រកាន់ចំនួន៣ករណី ប្រឆាំងលោក Hunter Biden ដែលជាកូនប្រុសរបស់ប្រធានាធិបតី Joe Biden។ហើយលោក Hunter Biden អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២៥ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោសលើការចោទប្រកាន់នេះមែន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមឯកសាររបស់តុលាការ៖
-ករណីទី១គឺ ការចោទប្រកាន់លោក Hunter Biden គឺទាក់ទងទៅនឹងការទិញអាវុធ
-ករណីទី២ គឺទាក់ទងទៅនឹងការពិតដែលថា លោក Hunter Biden បានផ្តល់ព័ត៌មានមិនពិតសម្រាប់ការទិញកាំភ្លើងខ្លី Colt និងការបដិសេធប្រើប្រាស់គ្រឿងញៀន
- ចំណែកករណីទី៣ ពាក់ព័ន្ធការកាន់កាប់អាវុធអំឡុងពេលប្រើប្រាស់គ្រឿងញៀន។
គួររំលឹកថា លោក Hunter Biden ត្រូវបានចោទប្រកាន់ដាច់ដោយឡែកពីនេះផងដែរ ពីបទកាន់កាប់កាំភ្លើងខ្លី Colt ក្នុងឆ្នាំ២០១៨ ខណៈពេលគាត់កំពុងប្រើប្រាស់សារធាតុហាមឃាត់។ នេះក៏ជាការបំពានច្បាប់ ហើយត្រូវប្រឈមនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ១០ឆ្នាំផងដែរ។
លោក Hunter Biden ត្រូវបានចោទប្រកាន់ពីដងរួចមកហើយ ទាក់ទិនការខកខានបង់ពន្ធ។ ទិន្នន័យផ្លូវការបង្ហាញថា គាត់ខកខានបង់ប្រាក់ជាង ១០០០០០ ដុល្លារក្នុងឆ្នាំ ២០១៧និង២០១៨ ជាហេតុធ្វើឲ្យគាត់ប្រឈមជាប់ពន្ធនាគាររយៈពេល១២ខែ លើការចោទប្រកាន់នីមួយៗ៕