(អ៊ីរ៉ង់)៖ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានព្រមានសហរដ្ឋអាមេរិកថា ប្រឆាំងនឹងការប្រើប្រាស់ “ភាសាគំរាមកំហែង” ប្រឆាំងនឹងរដ្ឋអ៊ីស្លាម។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានសរសេរនៅលើ បណ្ដាញសង្គម Twitter របស់លោកថា «ប្រវត្តិសាស្ត្រគួរតែបង្រៀនសហរដ្ឋអាមេរិកថា ភាសានៃការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ឬរដ្ឋអ៊ីស្លាម នឹងមិនបានសម្រេចអ្វីទាំងអស់»។លោកបានបន្ថែមថា ការប៉ុនប៉ងឥតប្រយោជន៍ក្នុងការបង្វែរទិសដៅនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក គេចវេសពីការទទួលខុសត្រូវ ចំពោះជនរងគ្រោះរាប់ពាន់នាក់របស់អ៊ីរ៉ង់ និងជនរងគ្រោះផ្សេងទៀត នៃការចូលរួមរបស់ខ្លួននៅក្នុងឧក្រិដ្ឋកម្ម ភេរវកម្មនៅក្នុងតំបន់របស់យើង។
សូមបញ្ជាក់ថា ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានប្រកាសពីការចោទ ប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំង នឹងសមាជិកនៃកងឆ្មាំ បដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ សម្រាប់ការចោទប្រកាន់ថា បានរៀបចំផែនការធ្វើឃាតអតីត ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Bolton ៕