សាកសពមនុស្សភពក្រៅចំនួន២ដែលមានអាយុប្រហែល១ពាន់ឆ្នាំ ត្រូវបានបង្ហាញនៅក្នុងសភានៃប្រទេសម៉ិកស៊ិក
ម៉ិកស៊ិក៖ សភាក្នុងប្រទេសមុិកស៊ិក កាលពីថ្ងៃអង្គារទី១២ ខែកញ្ញាឆ្នាំ២០២៣កន្លងទៅ បានរៀបចំដំណើរការពិនិត្យសាកសពបុរាណចំនួនពីរ ដែលគេជឿថា ជាសាកសពមនុស្សភពក្រៅ មានអាយុប្រហែល១ពាន់ឆ្នាំ ។
រដ្ឋសភាមិចស៊ិក បានតាំងបង្ហាញសាកសពបុរាណរបស់ ភាវៈមានជីវិតដែលខុសប្លែកពីភាវៈមានជីវិតលើផែនដី។ សាកសពភាវៈមានជីវិតបុរាណចំនួន២ មួយមានអាយុជាង១០០០ឆ្នាំ និងមួយទៀត មានអាយុជាង៧០០ឆ្នាំ។ វាត្រូវបានគេបញ្ជាក់ថា ខុសប្លែកពីសភាវៈមានជីវិតលើភពផែនដី តាមរយៈការធ្វើ X-ray និងការធ្វើតេស្ត DNA។
លោក ជេម មូសសាន (Jaime Maussan) បានអះអាងថា វាជាសាកសពរបស់មនុស្សក្រៅភព ដោយលោក មូសសាន បាននិយាយថា សំណាកទាំងនោះមិនទាក់ទងនឹងជីវិតនៅលើផែនដីនោះទេ។
លោក មូសសាន បានលើកឡើងថា ពួកវាត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូក្នុងឆ្នាំ២០១៧។ លោកបន្តថា ពួកវាមានអាយុប្រហែល១ពាន់ឆ្នាំដែលបានវិភាគតាមរយៈដំណើរការវិទ្យាសាស្ត្រដោយសាកលវិទ្យាល័យជាតិម៉ិកស៊ិក UNAM ។
ដោយឡែក លោក ចូសេ ឌឺ ចេស៊ុស ហ្សាលសេ បេនីតេស Jose de Jesus Zalce Benitez នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល នៃកងទ័ពជើងទឹកម៉ិកស៊ិក បាននិយាយថា៖«ការវិភាគ DNA ត្រូវបានធ្វើឡើងនៅលើសាកសព។ វាអាចបញ្ជាក់ថា សាកសពទាំងនេះមិនមានទំនាក់ទំនងជាមួយមនុស្សទេ»។
គួរបញ្ជាក់ថា សាកសពនេះត្រូវបានរកឃើញកាលពីឆ្នាំ ២០១៧ ហើយត្រូវបានគេរកឃើញនៅក្រោមដីក្នុងវាលខ្សាច់ឆ្នេរសមុទ្រ Nazca ប្រទេសប៉េរូ។ តំបន់នេះត្រូវបានគេស្គាល់ថាមានរូបចម្លាក់ជាច្រើនដែលត្រូវបានគេបោះចោល។ តំបន់ Nazca Lines ជាសហគមន៍ជនជាតិដើមភាគតិចបុរាណ ដែលបានសាងសងរូបចំណាក់ផ្សេងៗតាមការស្រមើស្រម៉ៃ។
សូមរំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរបញ្ចកោណ បាននឹងកំពុងស៊ើបអង្កេតយ៉ាងសកម្មលើការមើលឃើញ ដែលបានរាយការណ៍នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអាកាសយានិកយោធា ខណៈដែលរដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាស (NASA) ក៏កំពុងសិក្សាពី UFO ផងដែរ៕