និយ័តករទូរគមនាគមន៍កម្ពុជាកំណត់ឲ្យប្រើលេខកូដ«១២០០»ដើម្បីផ្តាច់សេវាកាត់លុយផ្សេងៗដោយស្វ័យប្រវត្តិពីទូរស័ព្ទ
ដោយសារតែមានការត្អូញត្អែរពីអតិថិជនទាក់ទងនឹងបញ្ហាកាត់លុយតាមទូរស័ព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឲ្យនិយ័តករទូរគមនាគមន៍កម្ពុជា(TRC) សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួចហើយ ដើម្បីឲ្យអ្នកប្រើប្រាស់ អាចពិនិត្យនិងផ្តាច់សេវាកម្មបន្ថែម ដែលបានភ្ជាប់ ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។
អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាឯកឧត្តម អ៊ឹម វុត្ថា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា និយ័តករទូរគមនាគមន៍កម្ពុជា បានពិភាក្សា និងសហការជាមួយនឹងបណ្តាប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ក្នុងការពន្លឿនអនុវត្តលេខកូដ១២០០រួចរាល់ហើយ ដែលអាចនឹងដាក់ដំណើរនៅពាក់កណ្តាលខែមិថុនា ដើម្បីកាត់ផ្តាច់ប្រព័ន្ធផ្សេងៗដែលអតិថិជនមិនពេញចិត្ត។
ឯកឧត្តម អ៊ឹម វុត្ថា បានបញ្ជាក់បន្ថែមថា និយ័តករទូរគមនាគមន៍កម្ពុជានឹងបញ្ជាក់ពីបច្ចេកទេសដើម្បីចុចផ្តាច់សេវាផ្សេងៗនៅពេលដែលក្រសួងដាក់ឲ្យដំណើរការជាផ្លូវការ ហើយនៅពេលដាក់ឲ្យដំណើរការ គេនឹងណែនាំពីរបៀបប្រើ ចំណេលបច្ចេកទេសវិញគឺមិនស្មុគស្មាញច្រើនទេ គ្រាន់តែចុច១២០០ គឺផ្តាច់សេវាបានតែម្តង។
ស្របពេលនៃការពន្លឿនការដាក់ឲ្យដំណើរការលេខកូដរួមមួយ ដើម្បីអោយអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទទាំងអស់អាចផ្តាច់សេវាផ្សេងៗបានដោយខ្លួនឯងនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានស្នើឲ្យអ្នកប្រើប្រាស់ គួរយល់ដឹងអំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗឲ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ការផ្លាស់ប្តូរគម្រោង ការប្តូរលុយ សេវា Calltune សេវាឆ្នោត (Lottery) សេវាហោរាសាស្ដ្រ សេវាស្ដាប់ចម្រៀង (Music) លទ្ធផលព័ត៌មានកីឡា (Sport) សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅចេញដោយមិនបញ្ចេញលេខ (Private Number)ជាដើម ហើយក្រសួងក៏អំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ មុននឹងតភ្ជាប់សេវាកម្មណាមួយ គប្បីមានការប្រុងប្រយ័ត្ននិងពិនិត្យឲ្យបានច្បាស់លាស់៕SP