មន្រ្តីជាន់ខ្ពស់ក្រសួងការងារអះអាងថា ការនាំចេញវិស័យឧស្សាហកម្មកាត់ដេរ អាចនឹងធ្លាក់ចុះប្រមាណ១០% ដោយសារសង្គ្រាមរវាងរុស្ស៉ីនិងអ៊ុយក្រែន
2 ឆ្នាំ មុន
(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអោយដឹងថា នៅត្រីមាសទី៤ ឆ្នាំ២០២២នេះ ការនាំចេញវិស័យឧស្សាហកម្មកាត់ដេរអាចនឹងធ្លាក់ចុះប្រមាណ១០ភាគរយ ដោយសារវិបត្តិសង្គ្រាមរវាងរុស្ស៉ី និង អ៊ុយក្រែន។ លើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ លោក ហេង សួរ បានមានប្រសាសន៍ថា បើយើងយកឆ្នាំធៀបនឹងឆ្នាំ ប្រហែលជាឃើញកំណើននៃការនាំចេញវិស័យកាត់ដេរ អាចធ្លាក់ចុះក្រោម១០ភាគរយ ប៉ុន្តែបើគិតត្រឹមត្រីមាសទី១ រហូតដល់ទី៣ កំណើននាំចេញនេះធ្លាក់ចុះលើស១០ភាគរយ។ ឯកឧត្តមបញ្ជាក់ថា ការធ្លាក់ចុះនេះ ដោយសារវិបត្តិសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែន ដែលធ្វើឱ្យអត្រាអតិផរណានៅអាមេរិក និងអឺរ៉ុប មានការកើនឡើងខ្លាំង ដោយការចំណាយរបស់ពលរដ្ឋនៅទីនោះ ផ្តោតសំខាន់ទៅលើប្រេងឥន្ធនៈ ថាមពល និងអគ្គិសនី។ ដូច្នេះហើយទើបធ្វើឱ្យមានការកាត់បន្ថយការប្រើប្រាស់សម្លៀកបំពាក់ឬកាត់បន្ថយការបញ្ជាទិញពីម្ចាស់ម៉ាកនានា។
លោក ហេង សួរ ក៏បានបញ្ជាក់ទៀតថា គិតមកទល់បច្ចុប្បន្ននេះ សហគ្រាស រោងចក្រកាត់ដេរសរុបនៅប្រទេសកម្ពុជាមានចំនួនប្រមាណជិត១ ៣០០រោងចក្រ បានកំពុងដំណើរការនិងបង្កើតការងារដល់កម្មករនិយោជិតប្រមាណ ៨៣ម៉ឺននាក់ ក្នុងនោះដោយប្រយោលមានចំនួនប្រមាណជិត ១លាននាក់ សរុបទាំងមូលជិត ២លាននាក់ ទទួលបានផលប្រយោជន៍ពីវិស័យនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ ក៏បានលើឡើងពីចំណូលថវិកាមកក្នុងស្រុក ដែលបានមកពីពលករកម្ពុជាទាំងអស់ កំពុងបំរើការងារនៅក្រៅប្រទេស គិតត្រឹមឆ្នាំ២០២២ នេះ បានផ្ញើប្រាក់ជូនសាច់ញាតិ ក្រុមគ្រួសាររៀងខ្លួៗ មានចំនួនប្រមាណជាង ២៧០០លានដុល្លារ ដែលប្រាក់បញ្ញើរទាំងនេះ បានជួយឲ្យជីវភាពគ្រួសាររបស់ពួកគេល្អប្រសើរជាងមុន។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសមានចំនួន ១,៣លាននាក់ ក្នុងនោះ នៅប្រទេសថៃមានចំនួនជាង១,២លាននាក់, កូរ៉េជាង៤ម៉ឺន៦ពាន់នាក់, ម៉ាឡេស៊ីជាង ២ម៉ឺន២ពាន់នាក់, ជប៉ុនជាង១ម៉ឺន ៤ពាន់នាក់, សិង្ហបុរីជាង៨០០នាក់, ហុងកុងជិត២០០នាក់និងអារ៉ាប់ប៊ីសាអូឌីតជាង៣០នាក់។ ពលករទាំងនេះ បានក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ។ ទោះជាយ៉ាងនេះក្តី ដើម្បីរក្សានិងបង្កើតមុខរបរទាំងក្នុងនិងក្រៅប្រទេស ក្រសួងបានបន្តខិតខំគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្ម សរុបប្រមាណ១០,៨លាននាក់។ ក្នុងនោះ សម្រាប់ការងារក្នុងស្រុក រួមមានវិស័យ ឧស្សាហកម្ម ២,៥លាននាក់, សេវាកម្ម ៣,១លាននាក់,កសិកម្ម ៣,៤ លាននាក់ និងមន្រ្តីសាធារណៈចំនួន៥០ម៉ឺននាក់ ដែលកត្តានេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើរហូត៩៩,៣ ភាគរយ៕
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០