(អាមេរិក)៖ ប៉ូលិសអាមេរិក បានបាញ់សម្លាប់អ្នកបើកបរម្នាក់ដែលបានបើករថយន្ដរបស់ ខ្លួនបំបុកចូលស្ថានកុងស៊ុលចិន ប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។
រូបភាពវីដេអូដែលចែកចាយក្នុងបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញពីរថយន្ដមួយគ្រឿងនៅក្នុងអគារស្ថានកុងស៊ុលចិន ហើយ ប៉ូលិសបានតម្រង់កាំភ្លើងទៅរកទា្វរនៃកៅអីអ្នកបើកបរ ខណៈមនុស្សបានរត់ចេញពីកន្លែងកើតហេតុ។
អ្នកនាំពាក្យស្ថានកុងស៊ុលចិន បាននិយាយថាជនសង្ស័យ បានបើករថយន្ដបំបុកទាំងកម្រោលចូលក្នុងសាលរដ្ឋបាលនៃស្ថានកុងស៊ុល ដោយបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតបុគ្គលិក និងមនុស្សនៅទីតាំង កើតហេតុ ព្រមទាំងបង្កការខូចខាតធ្ងន់ធ្ងរ។
ចំណែក ខាងមន្ត្រីប៉ូលិសនៃនាយករដ្ឋានប៉ូលិសសាន់ហ្វា្រន់ស៊ីស្កូ ក៏បានបញ្ជាក់ដែរថាក្រុមមន្ត្រីប៉ូលិសបានទៅដល់កើតហេតុភ្លាមៗ ក្រោយទទួលបានព័ត៌មាន ថាមានរថយន្ដមួយគ្រឿងបំបុកចូលការិយាល័យទិដ្ឋាការនៃស្ថានកុងស៊ុលចិន។ ប៉ុន្តែ នៅពេលប៉ូលិសទៅដល់ និងព្យាយាមទំនាក់ទំនងជាមួយជនសង្ស័យ ស្រាប់តែការផ្ទុះកំាភ្លើងកើតឡើង។
ក្រុមគ្រូពេទ្យបានព្យាយាមសង្រ្គោះជីវិតជនសង្ស័យដែរ តែមិនអាចសង្រ្គោះបានដោយរូបគេត្រូវបានប្រកាសថា បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា នាយករដ្ឋានប៉ូលិសសាន់ហ្វា្រន់ស៊ីស្កូ មិនបានបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យខាងលើនោះទេ ស្របពេលការស៊ើបអង្កេតមួយកំពុងធ្វើឡើង ហើយអ្នកនាំពាក្យស្ថានកុងស៊ុលចិនបានថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហារដ៏ហិង្សានេះ និងជំរុញឱ្យមានការស៊ើបអង្កេតស្វែងរកការពិតនៅពីក្រោយ ហេតុការណ៍នេះផងដែរ៕