អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឲ្យបញ្ឈប់ប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមតទៅទៀត
ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវជាថ្មី សូមបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមតទៅទៀត ពីព្រោះវាមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាងណាស់។
លោក ប៉ែន បូណា បានប្រតិកម្មនឹងសារព័ត៌មានមួយដែលបានចុះផ្សាយព័ត៌មានមិនបានផ្ទៀងផ្ទាត់ ឬធ្វើមិនយល់ក្នុងចេតនាវាយប្រហារលើបុគ្គល ផ្ទាល់ក៏ដូចជាលើរាជរដ្ឋាភិបាល ទាក់ទងបទសម្ភាសន៍របស់ លោក ជាមួយកាសែតក្នុងស្រុកមួយ។
លោករដ្ឋមន្ត្រី បានសរសេរយ៉ាងដូច្នេះថា «កាលពីពេលថ្មីៗនេះ ខ្ញុំបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មី ដោយនិយាយថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ»។
លោករដ្ឋមន្ត្រី បន្ដថា គេច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះដោយមិនប្រើរូបថតទេ លើកលែងតែករណីនោះជារឿងធំពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង តែគេត្រូវគោរពក្រមសីលធម៌ខ្ពស់ណាស់ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើមពីព្រោះគេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។
លោករដ្ឋមន្ត្រី បន្ថែមថា ក្រមសីលធម៌បែបនេះ នរណាក៏ដឹងដែរជាពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹង និងអ្នកសារព័ត៌មាន។ ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន នៅលើទំព័រមុខសារព័ត៌មាន?
អ្នកសារព័ត៌មានដែលសរសេរអត្ថបទនេះទៀតសោតមិនបានផ្ទៀងផ្ទាត់ថាតើសម្តីដើមរបស់ខ្ញុំចង់និយាយពីអ្វីនិងក្នុងបរិបទអ្វីនោះឡើយ។ នេះជាភាពខ្សត់ខ្សោយខាងវិជ្ជាជីវៈដោយគ្រាន់តែលឺគេថា ហើយបន្ថែមល្បោយខ្លួនឯងតុបតែងបានជាសាច់រឿងមួយវែងអន្លាយដើម្បីវាយប្រហារអ្នកដទៃ ឬវាយប្រហារលើរាជរដ្ឋាភិបាល។ ជាថ្មីម្តងទៀត ក្នុងនាមជាអ្នកធ្លាប់ប្រឡូកក្នុងអាជីពនេះ៣០ឆ្នាំ ហើយដែលបានរួមចំណែកក្នុងការកាត់បន្ថយរូបភាពហិង្សាលើទំព័រសារព័ត៌មានក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរម្នាក់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ