(បាងកក)៖ ត្រឹមមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី២៨ខែមេសា ដល់ថ្ងៃទី៤ខែឧសភា ថៃ មានអ្នកឆ្លងកូវីដចំនួន ១ ៧៩២នាក់ ពោលជាមធ្យមឆ្លង២៥៦នាក់ក្នុងមួយថ្ងៃ ហើយអ្វីដែលគួរឲ្យព្រួយបារម្ភគឺថា ក៏មានអ្នកជំងឺ១២នាក់ផងដែរ ត្រូវបាត់បង់ជីវិត។នេះបើតាមតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី៨ខែឧសភា ឆ្នាំ២០២៤។
យោងតាមទិន្នន័យពីនាយកដ្ឋានបង្ការនិងគ្រប់គ្រងជំងឺ, គិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៤ខែឧសភា មានករណីឆ្លងសរុប ១៣ ០៥៧ករណី និងស្លាប់ ៩៣ នាក់ឯណោះខណៈអ្នកស្លាប់ គឺសុទ្ធសឹងជាក្រុមមនុស្សដែលងាយរងគ្រោះ។ពាក់ព័ន្ធនឹងករណីឆ្លងហក់ឡើងខ្ពស់សាជាថ្មីនេះ ប្រទេសថៃ បានចង្អុលចំៗទៅមេរោគកូវីដបំប្លែងខ្លួនប្រភេទ JN.1 ដែលគេនិយាយថា មានសមត្ថភាពអាចគេចផុតពីប្រព័ន្ធភាពស៊ាំបាន។
ទោះបែបនេះក្តី ថៃ បានប្រកាសកុំឲ្យមានក្តីព្រួយបារម្ភអ្វីទាំងអស់ ព្រោះថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់គ្រាន់ នៅតែអាចការពារខ្លួនពីមេរោគនេះបាន ទោះឆ្លងក៏មិនឈឺធ្ងន់ឬឈានដល់ស្លាប់ដែរ។
បើតាមការបញ្ជាក់ពីលោក Taweechai Wisanuyothin ប្រធានការិយាល័យគ្រប់គ្រងជំងឺឆ្លងរបស់នាយកដ្ឋាននេះប្រចាំខេត្ត Nakhon Ratchasima, មូលហេតុដែលបច្ចុប្បន្ន កូវីដផ្ទុះឡើងខ្លាំងគឺបណ្តាលមកពី មនុស្សយល់ច្រឡំជំងឺនេះ ជាមួយគ្រុនផ្តាសាយធម្មតា ទើបពួកគេមិនធ្វើតេស្ត និងអនុវត្តវិធានការទប់ស្កាត់ការចម្លង៕