(បរទេស)៖យ៉ាងហោចណាស់មនុស្ស ១០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ លើសាលាយោធាមួយ ក្នុងប្រទេសស៊ីរី។ អ្នកឃ្លាំមើលសង្គ្រាម និងមន្ត្រីម្នាក់បាននិយាយថា យន្តហោះគ្មានមនុស្សបើក ដែលមានអាវុធ បានទម្លាក់គ្រាប់បែកលើទីតាំងប៉ុន្មាននាទី បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិស៊ីរី បានចាកចេញពីពិធីបញ្ចប់ការសិក្សានៅទីនោះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន APនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា នេះគឺជាការវាយ ប្រហារដ៏សាហាវបំផុតមួយ មិនធ្លាប់មានប្រឆាំងនឹងកងទ័ពស៊ីរី ក្នុងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក។ ក្រសួងការពារជាតិស៊ីរីបាននិយាយថា ជនស៊ីវិល និងបុគ្គលិកយោធាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើសាលាយោធានៅខេត្ត ហម(Homs) ភាគកណ្តាល ដោយបន្ថែមថា ក្រុមភេរវករបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក។
សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ពីអង្គការណាមួយឡើយ ហើយក៏គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះដែរ។ ក្រសួងការពារជាតិនិងក្រសួងការ បរទេសស៊ីរីបានប្តេជ្ញាថានឹងឆ្លើយតប និងស្វែងរកជនបង្កអោយបានឆាប់រហ័ស៕