អ៊ីរ៉ាក់បណ្តេញ អភិបាលក្រុង និងមន្ត្រីធំៗ៤រូបផ្សេងទៀត ចេញពីការងារ ក្រោយហេតុការឆេះអគារមង្គលការ បណ្តាលឱ្យមានអ្នកស្លាប់ ជាង១០០នាក់
អ៊ីរ៉ាក់៖ មន្ត្រីអ៊ីរ៉ាក់៥រូបត្រូវបណ្តេញចេញពីការងារ ដោយសាររកឃើញធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច បន្ទាប់ពីឆាបឆេះពិធីមង្គលការនៅអ៊ីរ៉ាក់បណ្ដាលឱ្យមនុស្សស្លាប់១១៤នាក់ និងរបួសជាង១៥០នាក់កាលពីសប្តាហ៍មុន ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន nytimes នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
ការដកមន្ត្រីទាំង៥រូបមានឋានៈជាអភិបាលក្រុង Qaraqosh ជាម្ចាស់ទីតាំងនៃអគ្គីភ័យឆាបឆេះ,ប្រធាននាយកដ្ឋានថែទាំអគ្គិសនី,ប្រធានមន្ទីរសុវត្ថិភាព និងអគ្គិភ័យ, មន្ត្រីការពារជនស៊ីវិល, ប្រធានការិយាល័យទេសចរណ៍និងកម្សាន្ត ។
កំហុសពាក់ព័ន្ធរបស់មន្ត្រីទាំងនេះមាន សង់សាលមង្គលការដោយខុសច្បាប់ គ្មានការអនុញ្ញាតិ។ មិនព្រម រុះរើពិដានដែលងាយឆេះក៏ពុំអនុវត្តតាមបទបញ្ជា ។ មិនត្រួតពិនិត្យឱ្យល្អិតល្អន់លើបច្ចេកទេសភ្លើងដែលរត់ខ្សែឆ្លងកាត់សាល។ ប្រធានមន្ទីរសុវត្ថិភាព និងអគ្គិភ័យយឺតយ៉ាវក្នុងការដោះស្រាយបញ្ហា និង កំហុសមិនពិនិត្យមើលចំនួនភ្ញៀវចូលរួម ខណៈសាលកំណត់ផ្ទុក ត្រឹម៤០០នាក់ តែថ្ងៃកើតហេតុភ្ញៀវចូលរួមមានដល់ទៅជិត១០០០នាក់ ៕