ដើមទឹកដោះ ឬទឹកដោះព្រៃលូតលាស់យ៉ាងស្រស់បំព្រង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ភូមិសាស្រ្ត ខេត្តឧត្ដរមានជ័យ ដើមទឹកដោះឬទឹកដោះព្រៃគឺជាឈ្មោះគុម្ពព្រឹក្សឬចុល្លព្រឹក្សមួយប្រភេទដែលមានកម្ពស់ពី១ទៅ២ម៉ែត្រ។ រុក្ខជាតិនេះមានដុះនៅក្នុងព្រៃស្រោងលើដីខ្សាច់នៃប្រទេសឥណ្ឌូចិនដូចជា កម្ពុជា ឡាវ វៀតណាមខាងត្បូង និងថៃ។
បើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា ដើមផ្កាទឹកដោះមានផ្កាពណ៌សដែលមិនត្រឹមតែមានសម្រស់ស្រស់ស្អាតគួរជាទីគយគន់ប៉ុណ្ណោះនោះទេ ប៉ុន្តែយើងអាចយករុក្ខជាតិប្រភេទនេះមកធ្វើជាអន្លក់ដោយអាចស្រុះឬហូបស្រស់ជាមួយទឹកគ្រឿងមាំចំហុយ ផ្អកត្រីជូរ ឬផ្អកត្រីប្រៃបានយ៉ាងឆ្ងាញ់ពិសា។
លើសពីនេះទៅទៀតបើតាមក្បួនបុរាណដើមផ្កាទឹកដោះ គឺជាថ្នាំបុរាណខ្មែរដែលគេអាចយកដើមសំបក និងឫសរបស់វាមកដាំទឹកឲ្យស្រី្តដែលទើបតែ សម្រាលកូនរួចទទួលទានព្រោះវាអាចបង្កើនបរិមាណទឹកដោះម្តាយសម្រាប់ទារក ឬក្មេងដែលស្ថិតក្នុងវ័យត្រូវបៅដោះម្តាយ៕SS