ប្រទេសនេប៉ាល់សម្រេចហាមឃាត់បណ្តាញសង្គមដ៏ពេញនិយម TikTok ក្រោមហេតុផល រំលោភលើមូលដ្ឋានទិន្នន័យ និងបង្កគ្រោះថ្នាក់ដល់មនុស្សវ័យក្មេង
(នេប៉ាល់)៖ ប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទ (១៣ វិច្ឆិកា) បាននិយាយថា ខ្លួននឹងហាមប្រាម TikTok ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមានរបស់កម្មវិធីនេះ ទៅលើភាពសុខដុមរមនាក្នុងសង្គម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មាន លោក Rekha Sharma បាននិយាយថា «ការសម្រេចចិត្តហាមឃាត់ត្រូវបានគេធ្វើឡើងនៅថ្ងៃនេះ ហើយអាជ្ញាធរពាក់ព័ន្ធកំពុងដោះស្រាយបញ្ហាបច្ចេកទេស»។
ក្នុងនោះ វេទិកាចែករំលែកវីដេអូដ៏ពេញនិយម ដែលមានអ្នកប្រើប្រាស់ប្រហែល ១ពាន់លាននាក់ប្រចាំខែ បានប្រឈមមុខនឹងការរឹតបន្តឹងនៅក្នុងប្រទេសមួយចំនួន សម្រាប់ការរំលោភលើមូលដ្ឋានទិន្នន័យ និងផលប៉ះពាល់ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សវ័យក្មេង។
លោក Sharma បានគូសបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែ TikTok ត្រូវបានប្រើជានិច្ចដើម្បីចែករំលែកមាតិកាដែល«រំខានដល់សុខដុមរមនាក្នុងសង្គម និងរំខានដល់រចនាសម្ព័ន្ធគ្រួសារនិងទំនាក់ទំនងសង្គម» ការសម្រេចចិត្តនេះទៀតសោតកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេប៉ាល់បានចេញសេចក្តីណែនាំមួយដែលតម្រូវឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ បង្កើតការិយាល័យរបស់ខ្លួន៕