ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្ដងើបឡើង ក្នុងអត្រា៥ភាគរយ ក្នុងឆ្នាំ២០២២។

របាយការណ៍ស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២» របស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គាំទ្រដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងបង្គុំអគ្គិសនី និងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា។

វិស័យសំណង់ និងអចលនទ្រព្យរំពឹងថា នឹងកើនឡើងជាសន្សឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគមកកម្ពុជា។ ចំពោះវិស័យកសិកម្មដែលស្របយកកម្លាំងការងារជិត១/៣ នៃកម្លាំងការងារសរុបត្រូវបានរំពឹងថា នឹងបន្តមានកំណើនល្អជាងឆ្នាំ២០២១។

ធនាគារជាតិនៃកម្ពុជា បានបន្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបន្តបង្កើនសក្តានុពលនៃវិស័យកសិកម្ម ជាពិសេសកសិកម្មកែច្នៃ និងកសិ-ឧស្សាហកម្ម។ 

ម្យ៉ាងទៀតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងរវាងប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរី (អូស្ត្រាលី នូវែលសេឡង់ ចិន កូរ៉េខាងត្បូង និងជប៉ុន) ក៏នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលនឹងផ្តល់កាលានុវត្តភាព សម្រាប់ការធ្វើពាណិជ្ជកម្មសេវា និងទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ