កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការអប់រំបណ្ដុះបណ្ដាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ គឺត្រូវតែធ្វើគ្មានទីបញ្ចប់ ពោលគឺបុគ្គលម្នាក់ៗ ត្រូវតែបន្តសិក្សាស្រាវជ្រាវ ទាំងទ្រឹស្ដី និងបទពិសោធបន្ថែម ភ្ជាប់នឹងការងារជាក់ស្ដែង ដើម្បីធានាប្រសិទ្ធភាពការងារ និងភាពជោគជ័យរបស់អង្គភាព ស្របតាមការវិវត្តរីកចម្រើនរបស់សង្គម វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចំនួន ៤ ដែលរួមមាន៖ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្តិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកការងារសន្តិសុខ ជាតួនាទីស្នូលដ៏សំខាន់ ព្រោះបញ្ហានេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គមជាតិ ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននឹងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ ក្នុងនោះក៏មានការបង្កឡើងដោយអ្នកនយោបាយប្រឆាំង និងក្រុមឧទ្ទាមផងដែរ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ដែរថា ក្រុមប្រឆាំងជ្រុលនិយម បានប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកមកហើយ ប៉ុន្តែបានបរាជ័យដោយសារកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយការទទួលខុសត្រូវរបស់សមត្ថកិច្ច និងការចូលរួមការពារសុខសន្តិភាពយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអសន្តិសុខដើម្បីធ្វើជាឈ្នាន់ប្រជែងអំណាចតាមវិធីក្រៅច្បាប់របស់ក្រុមជ្រុលនិយម។

យោងតាមរបាយការណ៍ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំងបួនវគ្គនេះ មានសិក្ខាកាមជាមន្រ្តីនគរបាលជាតិ ចូលរួមចំនួន ៥០៦នាក់ ក្នុងនោះសិក្ខាកាមទទួលបានជ័យលាភី មានជាង ៤០០នាក់ ដោយសាលា បានធ្វើមូលវិចារអំពីការគោរពវិន័យរបស់សិក្ខាកាមម្នាក់ៗ គោរពជូនលោកឧបនាយករដ្ឋមន្ត្រី ស សុខា ជូនអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានធនធានមនុស្សផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ