កម្ពុជា បិទការនាំចូលបន្លែ និងផ្លែឈើ របស់ថៃតាមព្រំដែនទាំងអស់ ដើម្បីឆ្លើយតបការគំរាមកំហែង និងប្រមាថរបស់យោធាថៃ
ភ្នំពេញ៖ ឱសានវាទ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់ហើយ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។
ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា៕
សូមបញ្ជាក់ថា កម្ពុជា បិទការនាំចូលបន្លែ ផ្លែឈើពីថៃតាមព្រំដែនទាំងអស់ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានទុកឱកាសឱ្យភាគីកងទ័ពថៃ ២៤ម៉ោង ដើម្បីបើកទ្វារព្រំដែនឡើងវិញ បន្ទាប់ពីថៃបិទមុនដោយចិត្តឯងមិនជូនដំណឹងមកជាមុន។
តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានបិទច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ចាប់ពីស្អែកនេះតទៅ ដោយហាមលើការនាំចូលបន្លែ ផ្លែឈើ ចូលមកកម្ពុជា បើសិនជាភាគីថៃ មិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន ដើម្បីជាការឆ្លើយតបទៅវិធានការគន្លើនមិនគោរពច្បាប់របស់ថៃ ប៉ុន្តែ ដោយសារមានកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តីថៃ ទើបសម្រេចពន្យាពេល ២៤ម៉ោង៕