ហឹបវិញ្ញាសា ត្រូវបានដឹកជញ្ជូនទៅកាន់បណ្ដា រាជធានី-ខេត្ត ដើម្បីត្រៀមសម្រាប់ការប្រឡងបាក់ឌុប នាថ្ងៃ៨ តុលា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤។
គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាពក្នុងដំណើរការ នៃការដឹកហឹបវិញ្ញាសាទៅតាមបណ្ដាខេត្តនានា។
ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូនក្រសួង បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៦គឺ៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ដើម្បីទទួលបានព័ត៌មានពិតផ្លូវការ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមតាមទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា តាមតំណភ្ជាប់ខាងក្រោម៖ ទំព័រហ្វេសប៊ុក៖ MoEYS Cambodia, ឆាណែលតេលេក្រាម៖ t.me/moeysnews ៕