អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ៖ សារសំខាន់ នៃការរាយការណ៍ពីឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិត
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិតគឺសំដៅទៅលើព្រឹត្តិការណ៍ណាមួយដែលប៉ះពាល់ដល់ការសម្ងាត់ ភាពសុចរិត នៃបណ្តាញ ឬទិន្នន័យប្រព័ន្ធឌីជីថល មានចំនួន០៥ ដូចខាងក្រោម ៖
១. ការចូលប្រើប្រព័ន្ធ ឬទិន្នន័យដោយគ្មានការអនុញ្ញាត
២.ការវាយប្រហារដោយបន្លំ និងការបោកប្រាស់តាមសារអេឡិចត្រូនិច(Email)
៣. ការចម្លងមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ
៤. ការវាយប្រហារលើការចូលប្រើប្រាស់សេវាកម្មឌីជីថល (DDoS)
៥.ការចូលលួចយកទិន្នន័យ និងព័ត៌មានសម្ងាត់។
ខាងក្រោមនេះជាសារសំខាន់នៃការរាយការណ៍ពីឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិតមានដូចជា៖
១. កាត់បន្ថយការខូចខាត៖ ការរាយការណ៍ដំបូងអនុញ្ញាតឱ្យបុគ្គល ឬអង្គភាពឆ្លើយតបយ៉ាងឆាប់រហ័ស ទប់ស្កាត់ការគំរាមកំហែង និងកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធ ទិន្នន័យ និងប្រតិបត្តិការ
២. ការការពារការវាយប្រហារបន្ថែម៖ ការរាយការណ៍ទាន់ពេលវេលាជួយកំណត់អត្តសញ្ញាណភាពងាយរងគ្រោះលើម៉ាស៊ីន ឬប្រព័ន្ធប្រតិបត្តិការដទៃទៀតដែលមានភាពខ្សោយ
៣.ការកែលម្អវិធានការសន្តិសុខតាមអ៊ីនធឺណិត៖ របាយការណ៍ឧបទ្ទវហេតុផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងការពារពង្រឹងដល់អង្គភាពលោកអ្នកពីការវាយប្រហារដែលអាចកើតមាននៅក្នុងសន្តិសុខ
៤.ការការពារអ្នកដទៃ៖ ការចែករំលែកព័ត៌មាននៃឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិតជាមួយដៃគូអាជីវកម្ម ស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជនជាដើមដែលអាចជួយឱ្យទទួលស្គាល់ និងការពារការវាយប្រហារស្រដៀងគ្នានេះនាពេលអនាគត។
នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមលើកយកការអនុវត្តល្អបំផុតសម្រាប់ការរាយការណ៍ហេតុការណ៍ប្រកបដោយប្រសិទ្ធភាព
១. បង្កើតផែនការ និងយន្តការឆ្លើយតបឧប្បត្តិហេតុច្បាស់លាស់សម្រាប់គ្រប់គ្រង និងការរាយការណ៍ឧបទ្ទវហេតុ
២. បណ្តុះបណ្តាលមន្រ្តី ឬបុគ្គលិកឲ្យយល់ដឹងអំពីគំរាមកំហែង និងការយល់ដឹងពីសារៈសំខាន់នៃការរាយការណ៍អំពីឧបទ្ទវហេតុភ្លាមៗ
៣. តំឡើងឧបករណ៍ ឬកម្មវិធីស្វ័យប្រវត្តិកម្មសម្រាប់ប្រើប្រាស់ប្រព័ន្ធព័ត៌មានឱ្យមានសុវត្ថិភាព និងការគ្រប់គ្រងព្រឹត្តិការណ៍ពីឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិត
៤. រៀបចំឯកសារ ឬទិន្នន័យឌីជីថលតាមលំដាប់ថ្នាក់ រក្សាកំណត់ត្រាហ្មត់ចត់នៃឧប្បត្តិហេតុ និងដំណើរការរាយការណ៍សម្រាប់ការអនុលោមតាម និងការវិភាគក្រោយឧបទ្ទវហេតុ
សារសំខាន់នៃការរាយការណ៍អំពីឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិតគឺជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រសុវត្ថិភាពអ៊ីនធឺណិតដ៏មានប្រសិទ្ធភាពមួយជួយការពារការវាយប្រហារពីសំណាក់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា និងធានាការអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់៕