ភ្នំពេញ ៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត ក្នុងផេកផ្លូវការ របស់គឹម សុខ ដែលថា “រាជរដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង”។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសពតាមប្រពៃណី និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុត ចំពោះយោធិនពលីទាំងអស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។

កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់បុគ្គលនេះ ដែលជាទង្វើក្បត់ជាតិនិងមានគោលបំណងបំបាក់ស្មារតីប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិនិងប្រជាជនខ្មែរ ដែលកំពុងរងគ្រោះ ពីការរំលោភបំពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ