រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ ជារឿងគួរឱ្យអាម៉ាស់ណាស់ ដែលមនុស្សចាស់ជាអ្នកចោលសំរាមផ្ដេសផ្ដាស តែកូនក្មេងជាអ្នកដើរសម្អាតសំរាម
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបង្ហាញការសោកស្តាយ និងលើកឡើងថាវាជារឿងដែលគួរឱ្យខ្មាស់គេ ដោយសារតែមនុស្សចាស់ ជាអ្នកបោះចោលសំរាមផ្តេសផ្តាស នៅតាមទីសាធារណៈ ក៏ប៉ុន្តែបែរជាទុកឱ្យកូនក្មេងៗ ជាអ្នករើសសំរាម និងថង់ប្លាស្ទិកទៅវិញ។ ចំណុចនេះ គឺជារឿងដ៏អាម៉ាស់មួយ សម្រាប់យើងជាមនុស្សចាស់។
ថ្លែងពីលើវេទិកា នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលរួម សម្រាប់អនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក, លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា នៅតាមទីសាធារណៈនៅក្នុង១ថ្ងៃ ប្រជាជន សិស្សានុសិស្សមិនតិច២ម៉ឺននាក់ទេ ដែលចេញរើសសំរាម ថង់ប្លាស្ទិក ពីផ្លូវជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើង ជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត អស់សំរាម អស់ថង់ប្លាស្ទិកហោះនៅតាមទីសាធារណៈ។
ទៅជាយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សុំទោសចំពោះសិស្សានុសិស្សចំពោះបញ្ហានេះ ព្រមទាំងបានអរគុណដែលជួយរើសសម្អាត ដើម្បីភាពស្រស់បំព្រងតាមទីសាធារណៈ និងជឿជាក់ថាអ្នកទាំងនេះនឹងចេះគ្រប់គ្រងសំរាមនៅថ្ងៃអនាគត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ស្អាត គ្មានការបំពុលដោយសំរាម និងថង់ប្លាស្ទិកនៅតាមទីប្រជុំ និងទីសាធារណៈនានាជាដើម។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងយ៉ាងដូច្នេះថា «កន្លែងនេះ ខ្ញុំសូមទោស ខ្ញុំខ្មាស់គេយើងទាំងអស់គ្នា ឱ្យបរិស្ថានរបស់យើង ប្រទេសរបស់យើងពោលពេញដោយសំរាម ធ្វើឱ្យសិស្សានុសិស្សគាត់ចេញមកសំអាត ខ្មាស់គាត់ ត្រូវតែសុំទោសគាត់ បើយើងមិនពង្រាយសំរាមណុងទេ ក្មួយមិនពិបាកនោះទេ»។
លោកបណ្ឌិត អ៊ាង សុផល្លែត ក៏ឱ្យដឹងថា ក្រសួងបរិស្ថាន គ្រោងនឹងយកធុងសំរាមទៅដាក់នៅតាមសាលារៀនបន្ថែម ដើម្បីឱ្យកុមារប្រមូលសំរាមដាក់ នឹងយកសំរាមប្លាស្ទិកទៅដាក់ក្នុងធុង គ្រប់គ្រងឱ្យបានល្អ ងាយស្រួលកែច្នៃឡើងវិញ ឬដុតចោលនៅក្នុងឡតាមដែលស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ៕