កំពត ៖ មន្ត្រីជំនាញ បញ្ជាក់ថា ភ្ញៀវជាតិ-អន្តរជាតិប្រមាណជិត ១៥ម៉ឺននាក់ បានមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពត កំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៥នេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា «សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ  បងប្អូនប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើបុណ្យទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយបន្ទាប់ពីការធ្វើបុណ្យទាននៅតាមទីវត្តអារាមនានា និងក្នុងគ្រួសារ ពួកគាត់ក៏បានឆ្លៀតពេលដើម្បីនាំគ្នាដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។ ជាក់ស្តែងខេត្តកំពត ដោយគិតពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិបានចូលមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅសរុបចំនួន ១៤៦.៦៦៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៤៤.៩០១នាក់ និងទេសចរបរទេសចំនួន ១.៧៦២នាក់»។

លោកប្រធានមន្ទីរ បានបន្តថា បើទោះជាអាកាសធាតុមានភ្លៀងរលឹមក៏ពិតមែន ប៉ុន្តែនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត មិនថាតំបន់រមណីយដ្ឋានភ្នំបូកគោ តំបន់ទឹកឈូ  តំបន់កសិ-ទេសចរណ៍ឃុំកូនសត្វ សហគមន៍ទេសចរណ៍ ឬក៏តំបន់រមណីយដ្ឋានទំនប់ម្លេចនោះទេ គឺភ្ញៀវបានទៅដើរលេងច្រើន។ 

លោក បានបញ្ជាក់ថា ស្ថានភាពទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះមានភាពល្អប្រសើរ មិនមានអ្វីកើតឡើងគួរឱ្យកក់សំគាល់នោះទេ ហើយក៏មិនមានការតម្លើងថ្លៃសេវានានាផងដែរ។ ដោយឡែក ចំពោះសេវាស្នាក់នៅស្ទើរពេញអស់គ្រប់កន្លែងក្នុងរយៈពេល ៤កន្លងមកនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ