ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈ ក្រោយបែកធ្លាយវិដេអូ មន្រ្តីនគរបាលរុញ លោកបណ្ឌិតស្ទើរផ្កាប់មុខ
ភ្នំពេញ ៖ ករណីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ប៉ះទង្កិចគ្នាជាមួយកម្លាំងនគរបាលដៅពិនិត្យជាតិអាល់កុល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យការិយាល័យបុគ្គល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការងារឲ្យបានម៉ត់ចត់បំផុត និងគ្មានការលើកលែងចំពោះមន្ដ្រីដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ។
នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបញ្ជាឲ្យខាងបុគ្គលិកធ្វើការងារនេះដោយម៉ត់ចត់ ហើយមិនលើកលែងឲ្យទេ ចំពោះមន្ដ្រីដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ»។
រសៀលថ្ងៃដដែលទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ វិដេអូត្រូវបានបែកធ្លាយជាបន្តបន្ទាប់ នៅក្នុងមានវិដេអូបង្ហាញពីទង្វើដ៏អន់បំផុតរបស់មន្រ្តីនគរបាល រហូតដល់ថ្នាក់រុញ លោកបណ្ឌិត សុខ ទូច «ស្ទើរចង់ផ្កាប់មុខ» តើទង្វើបែបនេះសាកសមជាមន្រ្តីអនុវត្តច្បាប់ដែរឬទេ ?