សម្ដេចតេជោ ហ៊ុន សែន ៖ យើងនឹងរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា សម្ដេច នឹងរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ ព្រោះពួកគាត់បានបំពេញការងារជាច្រើនមុនចូលនិវត្ត។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជាអធិបតីក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
សម្តេចតេជោ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងបានដាក់ចេញនូវគោលនយោបាយនានា ដើម្បីគុណប្រយោជន៍របស់អតីតយុទ្ធជន ការកែលម្អជីវភាពអតីតយុទ្ធជន និងក្រុមគ្រួសារសព អតីតយុទ្ធជន។
សម្តេចតេជោ បន្ដថា អតីតយុទ្ធជន និងនិវត្តជន បានដាក់ក្នុងក្រោមដំបូលសមាគមតែមួយ គឺពិតជាល្អខ្លាំងណាស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា «តាមស្ថាប័ននានាមិនទាន់ធ្លាប់មានសមាគមអតីតយុទ្ធជន យើងនឹងរៀបចំសមាគមអតីតយុទ្ធជន និងនិវត្តជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយពីយើង នៅពេលដែលគាត់ប្រឹងប្រែងការងារ»។
សម្តេច ប្រមុខរដ្ឋស្តីទី បន្ថែមថា នេះជាការបញ្ជូនសារមួយយ៉ាងជាក់លាក់ទៅនិវត្តជនទាំងអស់ ឲ្យបានឃើញអំពីការដែលខ្លួននឹងត្រូវក្លាយជាសមាជិកអតីតយុទ្ធជន និងនិវត្តជន នាពេលខាងមុខនេះ៕