ប្រមុខក្រសួងមហាផ្ទៃ ចូលរួមបរិច្ចាគគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធ និងនិវត្តជនកម្ពុជាចំនួន ២០ខ្នង សម្រាប់រយៈពេល ៥ឆ្នាំ
ភ្នំពេញ ៖ អបអរសាទរមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមបរិច្ចាគគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ២០ខ្នង (បាត់ដំបង ១០ខ្នង និងព្រៃវែង ១០ខ្នង) សម្រាប់ រយៈពេល ៥ឆ្នាំ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម ជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ និងបានយកចិត្តទុកដាក់ផ្តល់កិត្តិយស ផ្តល់របបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ព្រមទាំងជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈ។
មហាសន្និបាតនេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់ អាវុធ ជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយ ឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ៕