ឧបនាយករដ្ឋមន្រ្ដី ស សុខា វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តបាត់ដំបង បានបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានាថែរក្សាសុខសន្តិភាព
បាត់ដំបង ៖ លោក ឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ការលើកឡើងរបស់ លោក ឧបនាយករដ្ឋមន្រ្ដី ស សុខា នាឱកាសអញ្ជើញជាសហអធិបតីរួមជាមួយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ លើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំ ចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន បានជាបន្តបន្ទាប់។
ជាកិច្ចបញ្ចប់ នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្ដី ស សុខា ក៏បានផ្តល់កិត្តិយសបំពាក់ឯកសណ្ឋានសញ្ញាស័ក្តិ និងគ្រឿងឥស្សរិយយស មេដាយការងារដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបងផងដែរ៕