សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញ និងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឲ្យដំណើរការ និងមាននិរន្តរភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញ និងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឲ្យដំណើរការ និងមាននិរន្តរភាពទូទាំងរាជធានី ខេត្ត ស្របតាមផែនការបានកំណត់ ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ។
តាមរយៈសារាចរណែនាំស្ដីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញ និងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ ដំណើរការ និងមាននិរន្តរភាពទូទាំងរាជធានី ខេត្ត ស្របតាមផែនការដែលបានកំណត់ដោយឈរលើ ស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយ មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និង អង្គការអន្តរជាតិនានា បន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់»។
សម្តេចធិបតី បន្ដថា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
សម្តេចធិបតី បន្ថែមថា ក្រសួងសុខាភិបាលត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដើម្បី ណែនាំអំពីវិធានសុខាភិបាលដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់សាកលវិទ្យាល័យ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មាន របស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់ វិទ្យាស្ថាន ជាពិសេសជួយបំពេញ ការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋាន ស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន៕