ក្រសួងការបរទេសកម្ពុជា ព្រួយបារម្ភចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានាថៃ ហាក់ដូចបង្ហាញថា «ពលរដ្ឋខ្មែរកំពុងតែ ឈ្លានពាន ទឹកដីថៃ»
ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។
នេះបើ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា «សូមសម្តែងនូវការ ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខ នឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ»។
ក្រសួងការបរទេសកម្ពុជា បន្ដថា ជារឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិតថា ខណៈពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់ ខណ្ឌសីមានៅតំបន់មួយចំនួននៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងបង្កបង្កើនផល អស់ជាច្រើនទសវត្សរ៍មកហើយ នៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន។ ការណ៍នេះ បានបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នា ដែលភាគីទាំងពីរបានដោះស្រាយប្រកបដោយស្មារតី មិត្តភាព តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ និងបានឯកភាពបញ្ជូនបញ្ហាស្មុគស្មាញទាំងនេះ ទៅគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយ ស្របតាម អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលត្រូវបានចុះ ហត្ថលេខាក្នុងឆ្នាំ២០០០ (MOU-2000)៕