រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ក្រៅពីស្រាវជ្រាវអ្នកជួញដូរគ្រឿងញៀន ក៏ត្រូវស្រាវជ្រាវសមត្ថកិច្ចដូចគ្នា
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ក្រៅពីស្រាវជ្រាវអ្នកជួញដូរគ្រឿងញៀន ក៏ត្រូវស្រាវជ្រាវសមត្ថកិច្ចដូចគ្នា បើមិនដូច្នេះទេ អនាគតកូនចៅរបស់យើង ប្រទេសជាតិរបស់យើងស្មើនឹងសូន្យ។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងឱ្យដឹងថា ការរកស៊ីគ្រឿងញៀនគ្មានអ្នកណាមួយជោគជ័យឡើយ ក្រៅពីបណ្ដាញចេញពីក្របខណ្ឌ រហូតដល់ជាប់ទោសផងដែរ។ ដូច្នេះកិច្ចការងារទាំងនេះ ត្រូវមានការយកចិត្តទុកដាក់ ក្នុងការពង្រឹងស្រាវជ្រាវសមត្ថកិច្ចពាក់ព័ន្ធជាមួយគ្រឿងញៀន។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍ថា «ក្រៅពីស្រាវជ្រាវអ្នកជួញដូរ គឺត្រូវស្រាវជ្រាវសមត្ថកិច្ចយើងដូចគ្នា។ហើយលើកនេះ គឺដល់វគ្គកាត់សាច់ហើយ ព្រោះឆ្លុះកញ្ចក់,ងូតទឹកដុសក្អែរ,ដូចជាហួសពេលហើយ។បើមិនដូចហ្នឹងទេ អនាគតកូនចៅយើង ប្រទេសជាតិរបស់យើងស្មើសូន្យ ព្រោះប្រើមិចបាន បើញៀនថ្នាំអស់ទៅហើយ»៕