កម្លាំងនគរបាលខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន និងឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់, ដកហូតថ្នាំញៀនជាង ៤គីឡូក្រាម និងអាវុធខ្លី ៥ដើម
ស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត ដោយដកហូតបានគ្រឿងញៀនជាង៤គីឡូក្រាម អាវុធខ្លី៥ដើម និងវត្ថុតាងមួយចំនួនទៀត នៅក្រុងបាវិត ខេត្តស្វាយរៀង។
នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥នាក់។
សមត្ថកិច្ច បានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចបានចាប់យកនិងដកហូតសម្ភារវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១៦៩៣,៣៧ក្រាម, ថ្នាំញៀនប្រភេទ អុិចស្តាសុី ទម្ងន់ ២៣៤៣,៩៥ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦៣៥,១៦ក្រាម (សរុបសារធាតុញៀនទម្ងន់ ៤៦២៨,៨៩ក្រាម) ៤គីឡូ៦២៨,៨៩ក្រាម, អាវុធខ្លី០៥ ដើម បង់០៥ គ្រាប់៥៤គ្រាប់ រថយន្ត១ គ្រឿង, ម៉ូតូ២គ្រឿង លិខិតឆ្លងដែន ០២ក្បាល, អត្តសញ្ញាណបណ្ណ័វៀតណាម១ សន្លឹកប្រាក់ដុល្លា ១០០០ដុល្លារ ប្រាក់ដុង ៤.០០០.០០០ដុង រួមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕