រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ បើទោះបីជាជួបវិបត្តិសកលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច និងគ្រោះអហន្តរាយធម្មជាតិ តែកម្ពុជា នៅតែបន្តដំណើរដោយស្វាហាប់ ឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា បើទោះបីជាកម្ពុជា បានជួបវិបត្តិសកលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចនានា បានផ្ទុះឡើងនៅកងកម្លាំងប្រដាប់អាវុធ សង្រ្គាមឈ្លានពាននៅតំបន់មួយ នៅក្នុងពិភពលោក និងគ្រោះអហន្តរាយធម្មជាតិនានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ព្រមទាំងសង្រ្គាមបែបសកល តែកម្ពុជានៅតែបន្តកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ពិសេសរក្សាបាននូវកំណើនសេដ្ឋកិច្ច ដែលបាននិងកំពុងធ្វើដំណើរប្រកបដោយភាពស្វាហាប់ឆ្ពោះទៅសម្រេចតាមចក្ខុវិស័យរបស់ខ្លួន ឆ្នាំ២០៣០ និងឆ្នាំ២០៥០ផងដែរ ។
ការថ្លែងនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំក្រសួងនានា រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ មន្ទីរអង្គភាពនានាក្នុងខេត្ត និងផ្នែកពាក់ព័ន្ធជាច្រើនទៀត ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបានពិនិត្យពិភាក្សាគ្នាយ៉ាងផុលផុស ក្នុងការប្រមូលធាតុចូលជាច្រើនសម្រាប់ការងារគ្រប់គ្រងរដ្ឋបាលខេត្ត ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ជាពិសេសការបន្តថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ និងមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទី ភារកិច្ចយ៉ាងល្អប្រសើរ និងសម្រេចបាននូវលទ្ធផលជាច្រើនសម្រាប់បម្រើនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផល ដែលរដ្ឋបាលខេត្តបាត់ដំបង សម្រេចបាននាពេលនេះ គឺពិតជាបានចូលរួមចំណែកនៅក្នុងការគ្រប់គ្រងដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយសុខសន្តិភាព ហើយដើម្បីឈានទៅសម្រេចបានតាមចក្ខុវិស័យ ដែលបានកំណត់ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ខណៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ត្រូវបានកំណត់យកកត្តាគន្លឹះចំនួន៥គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា Digital ៕