ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ជិត ៣០០នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ប្រមាណ២៩០នាក់ទៀត ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។
ការរកឃើញនេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ដែលប្រមាថជាតិសាសន៍ខ្លួនកាលពីប៉ុន្មានថ្ងៃនេះ។
ប្រតិបត្តិការនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយកម្លាំងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
របាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននៅថ្ងៃនេះ រកឃើញជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។ ដោយឡែក សម្រាប់កាលពីប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិបង់ក្លាដេស និងប៉ាគីស្ថាន ប្រមាណ៥៨នាក់។ ជនបរទេសទាំងអស់នេះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលាកន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ាប្រឆាំងដោយខឹងសម្បារ ជាមួយជនជាតិចិនដែលប្រើពាក្យប្រមាថជាតិសាសន៍ខ្លួននៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្អើលប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ដើម្បីសម្របសម្រួល។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសនោះជាបន្ដបន្ទាប់ ដើម្បីចាត់ការតាមនីតិវិធី៕