ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ចំនួន៤.៨ភាគរយ នៅក្នុងឆ្នាំ២០២៥នេះ ដែលមានកំណើនដូចគ្នា ជាមួយប្រទេសចិន និងប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមរបាយការណ៍ របស់ធនាគារពិភពលោក។
កាលពីខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ធនាគារពិភពលោក បានចេញរបាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាថាសម្រេចបានក្នុងអត្រា ៤.០% ក្នុងឆ្នាំ២០២៥ និង៤.៥% ក្នុងឆ្នាំ២០២៦។ ប៉ុន្តែនៅពេលនេះ ការព្យាករថ្មីបានដំឡើងអត្រាដល់ ៤.៨%វិញ។
ក្នុងរបាយការណ៍ថ្មីរបស់ធនាគារពិភពលោក បានបញ្ជាក់យ៉ាងដូច្នេះថា «ចិន កម្ពុជា និងឥណ្ឌូ នេស៊ី ត្រូវបានព្យាករថា នឹងមានកំណើន៤.៨ភាគរយ ខណៈដែលបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងមានកំណើន២.៧ភាគរយ និងថៃ២.០ភាគរយ»។
សូមជម្រាបថា នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា ពី៦.១% មក៤.៩% សម្រាប់ឆ្នាំ២០២៥ និងពី៦.២% មក៥.០% សម្រាប់ឆ្នាំ២០២៦ផងដែរ។ ការបន្ថយការព្យាករកំណើនសេដ្ឋកិច្ចនេះ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក៕