ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ១.៣លានដុល្លារដល់កម្ពជា សម្រាប់ការងារបោសសម្អាតមីន និងគ្រាប់បែកចង្កោម
ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាផ្តល់ជំនួយឥតសំណងចំនួន ១,៣០២,៥៣៩ដុល្លារអាមេរិក ដល់អង្គការមនុស្សធម៌ និងបោសសម្អាតមីន ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយលោកលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន នៅស្ថានទូតជប៉ុន។
ថវិកាជាង ១,៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងដូចខាងក្រោម៖
ទី១៖ គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង PRDB (ថវិកាចំនួន ៦៥៤,៤០២ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការសកម្មភាពក់ចាត់មិនជប៉ុន (JMAS)។
ទី២៖ គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS (ថវិកាចំនួន ៦៤៨,១៣៧ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការសកម្មភាពកំចាត់មិនជប៉ុន (JMAS)៕