ក្លិបបាល់ទាត់សូលទីឡូអង្គរ បានប្រកាសពីកាបញ្ចប់កិច្ចសន្យាខ្សែបម្រើ សឿង សុបញ្ញា និងខ្សែការពារ ប្រាក់សុវណ្ណពិសិដ្ឋ នៅដើមរដូវកាល២០២០។
ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបបញ្ជាក់ថា សេចក្ដីសម្រេចនេះធ្វើឡើងដោយសារអ្នកទាំងពីរពុំបានថែរក្សាក្រមសីលធម៌ត្រឹមត្រូវក្នុងនាមជាកីឡាករអាជីព។
សំណេរផ្លូវការរៀបរាប់បែបនេះ “៖ក្លិបបាល់ទាត់សូលទីឡូអង្គរ មានការសោកស្តាយ ជាខ្លាំង និងសូមជូនដំណឹងពី ការបញ្ចប់កិច្ចសន្យាកីឡាករ សឿង បញ្ញា និងប្រាក់ សុវណ្ណពិសិដ្ឋ ពីក្លិបចាប់ពីពេលនេះតទៅ ដោយ សារ អាកប្បកិរិយាប្រព្រឹត្តិខុសពី ក្រមសីលធម៌ ក្នុងនាមជាកីឡាករអាជីព”។
គួររំឭកថា សឿង សុបញ្ញា ដែលធ្លាប់លេងឲ្យបៀលប្រាយយូណាយធីត, អាស៊ីអឺរ៉ុបយូណាយធីត និងបឹងកេត បានចូលរួមជាមួយសូលទីឡូអង្គរនៅរដូវកាល២០១៩ ក្រោយរួមរស់ជាមួយវេស្ទើនភ្នំពេញមួយរដូវកាល។ចំណែក ប្រាក់ សុវណ្ណពិសិដ្ឋ បានផ្លាស់ពីព្រះខ័នរាជស្វាយរៀងនៅឆ្នាំ២០១៩ដូចគ្នា៕អត្ថបទCNCC