រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត ពង្រឹងវិធានការអនាម័យ ដើម្បី ទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ ជំងឺផ្តាសាយធំ វត្តអារ៉ាម
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានធ្វើលិខិតបន្ទាន់មួយផ្ញើ ទៅកាន់អភិបាលរាជធា នី-ខេត្តទាំង២៥ ឱ្យចាត់វិធានការអនាម័យឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ជំងឺគ្រុនផ្តាសាយធំ និងមេរោគផ្សេងៗទៀត ក្នុងកំលុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ក្នុងលិខិតនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះ ក្នុងការអនុវត្តវិធានការសុខាភិបាលនៅតាមទីវត្តអារ៉ាមមួយចំនួន ក្នុងការបង្ការការចម្លងរោគ និង ទប់ស្កាត់កុំឱ្យមានជំងឺផ្សេងៗ។ លោករដ្ឋមន្ត្រី បានអំពាវនាវសារជាថ្មី និងក្រើនរំលឹកប្រគេន ដល់ព្រះ សង្ឃ និងជូនដល់គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងកំលុង ពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យតាមការ ណែនាំរបស់ក្រសួងសុខាភិបាល។
ដើម្បីការពារព្រះកាយ ការពារខ្លួនពីការចម្លងមេរោគកូវីដ១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លង ជំងឺឆ្លងផ្សេងៗទៀត លោក ម៉ម ប៊ុនហេង បានអំពាវនាវឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់ អនុវត្តន៍វិធានការសាមញ្ញៗមួយចំនួនរួមមាន៖
១៖ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាង សម្អាតទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ។
២៖ ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម។ ជួបជុំពុទ្ធបរិស័ទ និងពេលសម្ដែងព្រះធម៌ ហើយមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនីមួយៗ)។
៣៖ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ។
៤៖ ព្រះសង្ឃអាពាធ ឬបុគ្គលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាកនៅក្នុងកុដិ ឬនៅក្នុង ទីកន្លែងដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅ ក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឱ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
៥៖ ត្រូវចៀសវាងការពុលចំណីអាហារ ដោយរក្សាអនាម័យចំណីអាហារ និងទុកដាក់អាហារឆ្អិន ឬឆៅឱ្យនៅ ដាច់ដោយឡែកពីគ្នា និងត្រូវឆាន់ ឬពិសារទឹកដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឱ្យបានឆ្អិនល្អ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើអភិបាលរាជធានី-ខេត្ត ទាំង២៥ អនុវត្តតាមការណែនាំខា ងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ